កាលពីថ្ងៃទី៨ ដល់ ១០ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការវាយតម្លៃទទួលស្គាល់សាកល្បងលើអង្គភាពវិញ្ញាបនបត្រកម្ម អនុលោមតាមស្តង់ដា ISO/IEC 17021-1:2015 និង Sub-Scope ISO 9001:2015" ក្រោមអធិបតីភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោក/លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ អ្នកជំនាញអញ្ជើញមកពីស្ថាប័ន Physikalishc-Technische Bundesanstalt (PTB) និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបចំនួន២១នាក់ (ដូចមានជូនភ្ជាប់ក្នុងបញ្ជីវត្តមាន)។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់មន្ត្រី និងអ្នកជំនាញបច្ចេកទេសវាយតម្លៃទទួលស្គាល់ក្នុងក្រុម (Assessor Pool) នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ក្នុងការអនុវត្តនីតិវិធីវាយតម្លៃទទួលស្គាល់ ដែលអនុលោមតាមស្តង់ដា ISO/IEC 17021:2015, Sub-Scope ISO 9001:2015 តាមរយៈការអនុវត្តផ្ទាល់ (Mock Assessment) ទៅលើឯកសាររបស់អង្គភាពវិញ្ញាបនបត្រកម្ម (ក្រុមហ៊ុន QA Technic Cambodia Co., LTD) ដោយមានការចូលរួមដោយ Mr. Hanspeter Ichi អ្នកជំនាញពីស្ថាប័ន PTB។
នៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល បានធ្វើការណែនាំពីនីតិវិធី និងទម្រង់មួយចំនួនក្នុងការចុះទៅវាយតម្លៃដល់អង្គភាពវាយតម្លៃភាពអនុលោម។ បន្ទាប់មកទៀត អ្នកសម្របសម្រួលបានធ្វើការបែងចែកក្រុមពិភាក្សាជា៣ក្រុម ដែលនៅក្នុងក្រុមនីមួយៗមានក្រុមអ្នកវាយតម្លៃទទួលស្គាល់ (AB) និង ក្រុមដែលត្រូវធ្វើការវាយតម្លៃទទួលស្គាល់ (CB)។ ក្រុមនីមួយៗ បានធ្វើការពិនិត្យ និងធ្វើការចោទសួរនិងឆ្លើយ តាមការទទួលខុសត្រូវរបស់ក្រុម ផ្អែកតាមឯកសារដែលអង្គភាពផ្តល់វិញ្ញាបនបត្រកម្ម QA Technic Cambodia Co., LTD) ផ្តល់ឱ្យ។
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ មានការយល់ដឹងពីរបៀបរៀបចំឯកសារ នីតិវិធីក្នុងការចុះទៅវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម និងបច្ចេកទេសក្នុងការប្រមូលព័ត៌មាន (សំនួរ និងចម្លើយ)។ នាយកដ្ឋាន វាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា នឹងធ្វើការកែសម្រួលប្រព័ន្ធនីតិវិធី របស់ខ្លួន ដើម្បីឱ្យដំណើរការបានរលូននាពេលអនាគត។