News And Event

ខេត្តរតនគិរី៖ នាថ្ងៃទី ០៩–១១ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក) សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់សម្រាប់អង្គភាពវាយតម្លៃភាពអនុលោម» នៅខេត្តរតនគិរី។សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គសិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៧៩ នាក់ (ស្រ្តី ១៧ នាក់) ដែលជាតំណាងអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម អង្គភាពវាយតម្លៃភាពអនុលោម (CABs) និងវិស័យឯកជន។គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖1. ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង អំពីការវាយតម្លៃទទួលស្គាល់ និងប្រព័ន្ធនីតិវិធីពាក់ព័ន្ធ។2. បង្កើនការយល់ដឹង លើលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម។3. លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ របស់អង្គភាពវាយតម្លៃភាពអនុលោម ដោយផ្តោតលើសមត្ថភាព ឯករាជ្យភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្ត។4. បង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់។ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសអំពីបញ្ហាប្រឈមក្នុងការអនុវត្តការងារ ចែករំលែកបទពិសោធន៍ជាក់ស្តែង ព្រមទាំងបានលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់នានា ដើម្បីចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ (អ.ន.វ.ក) ក្នុងការផ្សព្វផ្សាយចំណេះដឹង និងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធ អំពីតួនាទី និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការលើកកម្ពស់គុណភាព សមត្ថភាព ភាពជឿទុកចិត្ត និងការទទួលស្គាល់ជាផ្លូវការទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ លើលទ្ធផលនៃការវាយតម្លៃភាពអនុលោម។

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ - ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា (CANC) បានរៀបចំកិច្ចប្រជុំលើកទី៦ ដោយគាំទ្រវិធានការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់របស់កម្ពុជា និងពង្រីកការប្រើប្រាស់សេវាវាយតម្លៃភាពអនុលោម រួមមានសេវាធ្វើតេស្តវិភាគ អធិការកិច្ច ផ្ទៀងផ្ទាត់ និងវិញ្ញាបនបត្រកម្មដែលមានការវាយតម្លៃទទួលស្គាល់ដោយអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក.) ជា ​ផ្នែក​មួយនៃកិច្ចខិតខំក្នុងការលើកកម្ពស់គុណភាពផលិតផល ទំនុកចិត្តលើប្រព័ន្ធអនុលោមភាព និងការឈានចូលទីផ្សារ។ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិនិត្យស្ថានភាពអនុលោមភាពនៃអង្គភាពវាយតម្លៃភាពអនុលោម (CABs) និងពិភាក្សាអំពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ រួមមាន ISO/IEC 17011, ISO/IEC 17025 និង ISO/IEC 17065 ក៏ដូចជាលទ្ធផលនៃការទទួលក្រុមអ្នកវាយតម្លៃទទួលស្គាល់អន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះទៅតាមវដ្តនៃស្តង់ដាអន្តរជាតិកំណត់រៀងរាល់ ៤ ឆ្នាំម្តង។ ជាលទ្ធផលនៃទទួលក្រុមអ្នកវាយតម្លៃទទួលស្គាល់អន្តរជាតិនេះ អ.ន.វ.ក. បានបន្តទទួលស្គាល់ជា Signatory MRA ពីស្ថាប័នតំបន់ APAC និងសកល Global ACI ដោយជោគជ័យ។កិច្ចពិភាក្សាបានផ្តោតលើសំណើក្នុងការកំណត់ឱ្យអង្គភាពវាយតម្លៃភាពអនុលោម ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមមានមន្ទីរពិសោធន៍ អង្គភាពអធិការកិច្ច និងអង្គភាពវិញ្ញាបនបត្រកម្ម ទទួលការវាយតម្លៃទទួលស្គាល់ជាបន្តបន្ទាប់ និងឈានទៅកំណត់ជាកាតព្វកិច្ច ព្រមទាំងលើកទឹកចិត្តដល់រោងចក្រ សហគ្រាស ឱ្យប្រើប្រាស់សេវាធ្វើតេស្តវិភាគ អធិការកិច្ច និងវិញ្ញាបនបត្រកម្ម ផ្តល់ដោយអង្គភាពដែលមានការវាយតម្លៃទទួលស្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានផ្តោតលើសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការកសាងទំនុកចិត្តលើសមត្ថភាព និងភាពជឿជាក់នៃប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង៖ “ការវាយតម្លៃទទួលស្គាល់ មិនមែនគ្រាន់តែជាការទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តថា មន្ទីរពិសោធន៍ និងអង្គភាពវាយតម្លៃភាពអនុលោមរបស់យើង មានសមត្ថភាពផ្តល់លទ្ធផលដែលអាចជឿទុកចិត្តបាន។ នៅពេលលទ្ធផលទាំងនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិ អាជីវកម្មរបស់យើងអាចកាត់បន្ថយការតម្រូវឱ្យធ្វើតេស្តឡើងវិញ កាត់បន្ថយថ្លៃដើម និងសម្រួលការឈានចូលទៅទីផ្សារបរទេស។”ក្រុមប្រឹក្សាបានឯកភាពជាគោលការណ៍លើសំណើចំនួន៣ រួមមាន៖ ការកំណត់ការវាយតម្លៃទទួលស្គាល់ជាកាតព្វកិច្ចសម្រាប់អង្គភាពវាយតម្លៃភាពអនុលោម តាមតំណាក់កាល, ជំរុញឱ្យរោងចក្រ សហគ្រាស ប្រើប្រាស់សេវាផ្តល់ដោយអង្គភាពវាយតម្លៃភាពអនុលោម ដែលមានការវាយតម្លៃទទួលស្គាល់, និងជំរុញឱ្យនិយ័តករតាមវិស័យ ដាក់បញ្ចូលលក្ខខណ្ឌសមស្របស្តីពីការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ទៅក្នុងលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ។កិច្ចប្រជុំក៏បានប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន បន្តសិក្សាលម្អិតលើសំណើទាំងនេះ និងរៀបចំវិធីសាស្ត្រអនុវត្តជាដំណាក់កាល មុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់។

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម (DACB) នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់លើស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (Accreditation of Food Safety Management System: GMP & HACCP)»។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយ លោក មាន ជំនាញ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់សិក្ខាកាម ដែលជាតំណាងមកពីវិទ្យាស្ថានស្តង់ដារកម្ពុជា អគ្គនាយកដ្ឋានឧស្សាហកម្ម អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ព្រមទាំងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អង្គភាពវាយតម្លៃភាពអនុលោម និងមន្ត្រីជំនាញនៃ អ.ន.វ.ក (GDAC)។ គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវទិដ្ឋភាពរួមនៃពុទ្ធិ ស៊ីជម្រៅ និងរចនាសម្ព័ន្ធនៃការងារវាយតម្លៃទទួលស្គាល់ ដល់អង្គភាពវាយតម្លៃភាពអនុលោមលើស្តង់ដាប្រព័ន្ធគ្រប់គ្រង។ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលបានផ្តោតជាសំខាន់លើការវាយតម្លៃទទួលស្គាល់ផ្នែកសុវត្ថិភាពចំណីអាហារ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្នែកគោល រួមមាន៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) ការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធវិភាគហានិភ័យ និងចំណុចត្រួតពិនិត្យសំខាន់ (HACCP)។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកដល់ការរៀបចំ និងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៃសេវាកម្មវាយតម្លៃទទួលស្គាល់នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម ក៏សង្ឃឹមផងដែរថា អង្គភាពវាយតម្លៃភាពអនុលោមនៅក្នុងប្រទេសកម្ពុជា នឹងសហការ និងទទួលយកនូវសេវាកម្មវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។ 

ទីក្រុងបេហ្គាឡូរ៉ូ នៃប្រទេសឥណ្ឌា នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥  លោក ឆាយ រាវ័ន្ត អគ្គនាយករង និងជាតំណាងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក.)  ក្នុងនាមជាសមាជិកពេញសិទ្ធ (Signatory MRA) នៃស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) បានចូលរួមកិច្ចប្រជុំជាមួយសហការីស្តីពី “APAC Annual Meeting 2025 ”។គោលបំណងនៃកិច្ចប្រជុំនេះ ផ្ដោតទៅលើចំណុចសំខាន់ៗរួមមាន៖+ គោលនយោបាយ និងកិច្ចពិភាក្សាបច្ចេកទេស៖ សម្របសម្រួលការពិភាក្សាលើគោលនយោបាយស្តីពីការវាយតម្លៃទទួលស្គាល់ និងនីតិវិធីបច្ចេកទេសវាយតម្លៃទទួលស្គាល់គុណភាពដែលអនុវត្តដោយអង្គភាពវាយតម្លៃទទួលស្គាល់ប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។+ ការពិនិត្យឡើងវិញ និងរបាយការណ៍វឌ្ឍនភាព៖ ពិនិត្យរបាយការណ៍វឌ្ឍនភាពទាក់ទងនឹងសកម្មភាពការវាយតម្លៃទទួលស្គាល់ដែលធ្វើឡើងដោយស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC)។+ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការកសាងសមត្ថភាព៖ ជំរុញ និងបង្កើនកិច្ចសហការជាមួយអង្គភាពដៃគូ ដើម្បីជំរុញគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេសជាពិសេសសំដៅពង្រឹងវិស័យវាយតម្លៃទទួលស្គាល់គុណភាពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតជាពិសេសលើប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។

 រាជធានីភ្នំពេញ ខែមីនា​ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់ស្តង់ដាផលិតផល​ ISO/IEC 17065» ក្រោមការដឹកនាំរបស់ លោក​ ឆាយ​ រាវ័ន្ត​ តំណាង​ឯកឧត្តម ជ្រៀន សេងគង់​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់​នៃកម្ពុជា​  ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ​  ក្រុមហ៊ុនឯកជន​ និងមន្រ្តីនៃ​អគ្គនាយកដ្ឋាន​។ វគ្គបណ្តុះបណ្តាល​នេះមានគោលបំណង​ បង្កេីនការយល់ដឹងលើ​ការ​​ងារវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម​  និងពង្រឹងសមត្ថភាពដល់មន្រ្តីនិងអ្នកវាយតម្លៃទទួលស្គាល់។

កាលពីថ្ងៃទី៨ ដល់ ១០ ខែធ្នូ ឆ្នាំ២០២៥  នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម​ នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី  “ការវាយតម្លៃទទួលស្គាល់សាកល្បងលើអង្គភាពវិញ្ញាបនបត្រកម្ម ​​ អនុលោមតាមស្តង់ដា ISO/IEC 17021-1:2015 និង Sub-Scope ISO 9001:2015"​​ ក្រោមអធិបតីភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោក/លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន​ ប្រធានការិយាល័យ អនុប្រធានការិយាល័យ អ្នកជំនាញអញ្ជើញមកពីស្ថាប័ន ​Physikalishc-Technische​ Bundesanstalt (PTB) និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបចំនួន២១នាក់ (ដូចមានជូនភ្ជាប់ក្នុងបញ្ជីវត្តមាន)។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។​ វគ្គបណ្តុះបណ្តាលនេះ រៀប​ចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់មន្ត្រី និងអ្នកជំនាញបច្ចេកទេសវាយតម្លៃទទួលស្គាល់​ក្នុងក្រុម (Assessor Pool) នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ​ក្នុងការអនុវត្ត​នីតិវិធីវាយតម្លៃទទួលស្គាល់ ដែលអនុលោមតាមស្តង់ដា ISO/IEC 17021:2015, Sub-Scope ISO 9001:2015 តាមរយៈការអនុវត្តផ្ទាល់ (Mock Assessment) ទៅលើឯកសាររបស់អង្គភាពវិញ្ញាបនបត្រកម្ម (ក្រុមហ៊ុន QA Technic Cambodia Co., LTD) ដោយមានការចូលរួមដោយ Mr. Hanspeter Ichi អ្នកជំនាញពីស្ថាប័ន PTB។ នៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល បានធ្វើការណែនាំពីនីតិវិធី និងទម្រង់មួយចំនួនក្នុងការចុះទៅវាយតម្លៃដល់អង្គភាពវាយតម្លៃភាពអនុលោម។​ បន្ទាប់មកទៀត អ្នកសម្របសម្រួលបានធ្វើការបែងចែកក្រុមពិភាក្សាជា៣ក្រុម​ ដែលនៅក្នុងក្រុមនីមួយៗមានក្រុមអ្នកវាយតម្លៃទទួលស្គាល់ (AB) និង​ ក្រុមដែលត្រូវធ្វើការវាយតម្លៃទទួលស្គាល់ (CB)។​ ក្រុមនីមួយៗ បានធ្វើការពិនិត្យ និងធ្វើការចោទសួរនិងឆ្លើយ តាមការទទួលខុសត្រូវរបស់ក្រុម ផ្អែកតាមឯកសារដែលអង្គភាពផ្តល់វិញ្ញាបនបត្រកម្ម​ QA Technic Cambodia Co., LTD) ផ្តល់ឱ្យ។​ ​  នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ មានការយល់ដឹងពីរបៀបរៀបចំឯកសារ នីតិវិធីក្នុងការចុះទៅវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម និង​បច្ចេកទេសក្នុងការប្រមូលព័ត៌មាន (សំនួរ និងចម្លើយ)។​ នាយកដ្ឋាន វាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា នឹងធ្វើការកែសម្រួលប្រព័ន្ធនីតិវិធី របស់ខ្លួន ដើម្បីឱ្យដំណើរការបានរលូននាពេលអនាគត។​
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00002472876
បណ្ដាញសង្គម