អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់» នៅខេត្តរតនគិរី


ខេត្តរតនគិរី៖ នាថ្ងៃទី ០៩–១១ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក) សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់សម្រាប់អង្គភាពវាយតម្លៃភាពអនុលោម» នៅខេត្តរតនគិរី។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គសិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៧៩ នាក់ (ស្រ្តី ១៧ នាក់) ដែលជាតំណាងអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម អង្គភាពវាយតម្លៃភាពអនុលោម (CABs) និងវិស័យឯកជន។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖
1. ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង អំពីការវាយតម្លៃទទួលស្គាល់ និងប្រព័ន្ធនីតិវិធីពាក់ព័ន្ធ។
2. បង្កើនការយល់ដឹង លើលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម។
3. លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ របស់អង្គភាពវាយតម្លៃភាពអនុលោម ដោយផ្តោតលើសមត្ថភាព ឯករាជ្យភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្ត។
4. បង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់។

ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសអំពីបញ្ហាប្រឈមក្នុងការអនុវត្តការងារ ចែករំលែកបទពិសោធន៍ជាក់ស្តែង ព្រមទាំងបានលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់នានា ដើម្បីចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ (អ.ន.វ.ក) ក្នុងការផ្សព្វផ្សាយចំណេះដឹង និងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធ អំពីតួនាទី និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការលើកកម្ពស់គុណភាព សមត្ថភាព ភាពជឿទុកចិត្ត និងការទទួលស្គាល់ជាផ្លូវការទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ លើលទ្ធផលនៃការវាយតម្លៃភាពអនុលោម។

អត្ថបទដែលទាក់ទង

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី១៤ នៃ​អគារ​តេជោ​សែន​អគ្គនាយក​ដ្ឋាន​វាយ តម្លៃ​ទទួល​ស្គាល់​នៃ​កម្ពុជា​បាន​រៀបចំកិច្ចប្រជុំពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​មន្ទីរ​ពិសោធន៍​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតី​ភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​វាយ​តម្លៃ​ទទួល​ស្គាល់​​នៃ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី លោក​អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ ឧ.វ.ប.ន. រាជធានីភ្នំពេញ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន។កិច្ចប្រជុំនេះ មាន​គោល​​បំណង​សិក្សា​ស្វែង​យល់​អំពី​ប្រព័ន្ធ​ការងារ​វាយ​តម្លៃ​ទទួល​ស្គាល់​នៅ​កម្ពុជា ខណៈ​ដែល​តំណាង​ប្រតិ​ភូម៉ា​​ឡេស៊ី​មាន​បំណង​វិនិយោគ​បើក​មន្ទីរពិសោធន៍​ធ្វើ​តេស្ត​លើ​ម្ហូបអាហារ ដើម្បី​រួម​ចំណែក​គាំ​ទ្រ​ដល់​វិស័យ​ផលិត​កម្ម​ម្ហូប​អាហារ​នៅ​កម្ពុជា​ឱ្យ​មាន​គុណភាព សុវត្ថិភាព និង​អនុលោម​តាម​ស្តង់​ដារ​កំណត់។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី៧ នៃអគារតេជោសែន អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ចំនួន ៣ រូបគឺ Dr. Carsten Jansen, Sustainable Public Procurement Expert, Mr. Chheng NgovVeng, Construction Material Expert និង Mr. Heng Sovanchandara, Energy and Green Growth Specialist ក្រោមអធិបតីភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា និងមានការចូលរួមពីលោកអគ្គនាយករង លោក/លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ក្នុងការការពារបរិស្ថានពីកាកសំណល់ដែលកើតចេញពីការផលិត និងការប្រើប្រាស់គ្រឿងសំណង់ដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់។ 

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ - ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា (CANC) បានរៀបចំកិច្ចប្រជុំលើកទី៦ ដោយគាំទ្រវិធានការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់របស់កម្ពុជា និងពង្រីកការប្រើប្រាស់សេវាវាយតម្លៃភាពអនុលោម រួមមានសេវាធ្វើតេស្តវិភាគ អធិការកិច្ច ផ្ទៀងផ្ទាត់ និងវិញ្ញាបនបត្រកម្មដែលមានការវាយតម្លៃទទួលស្គាល់ដោយអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក.) ជា ​ផ្នែក​មួយនៃកិច្ចខិតខំក្នុងការលើកកម្ពស់គុណភាពផលិតផល ទំនុកចិត្តលើប្រព័ន្ធអនុលោមភាព និងការឈានចូលទីផ្សារ។ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិនិត្យស្ថានភាពអនុលោមភាពនៃអង្គភាពវាយតម្លៃភាពអនុលោម (CABs) និងពិភាក្សាអំពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ រួមមាន ISO/IEC 17011, ISO/IEC 17025 និង ISO/IEC 17065 ក៏ដូចជាលទ្ធផលនៃការទទួលក្រុមអ្នកវាយតម្លៃទទួលស្គាល់អន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះទៅតាមវដ្តនៃស្តង់ដាអន្តរជាតិកំណត់រៀងរាល់ ៤ ឆ្នាំម្តង។ ជាលទ្ធផលនៃទទួលក្រុមអ្នកវាយតម្លៃទទួលស្គាល់អន្តរជាតិនេះ អ.ន.វ.ក. បានបន្តទទួលស្គាល់ជា Signatory MRA ពីស្ថាប័នតំបន់ APAC និងសកល Global ACI ដោយជោគជ័យ។កិច្ចពិភាក្សាបានផ្តោតលើសំណើក្នុងការកំណត់ឱ្យអង្គភាពវាយតម្លៃភាពអនុលោម ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមមានមន្ទីរពិសោធន៍ អង្គភាពអធិការកិច្ច និងអង្គភាពវិញ្ញាបនបត្រកម្ម ទទួលការវាយតម្លៃទទួលស្គាល់ជាបន្តបន្ទាប់ និងឈានទៅកំណត់ជាកាតព្វកិច្ច ព្រមទាំងលើកទឹកចិត្តដល់រោងចក្រ សហគ្រាស ឱ្យប្រើប្រាស់សេវាធ្វើតេស្តវិភាគ អធិការកិច្ច និងវិញ្ញាបនបត្រកម្ម ផ្តល់ដោយអង្គភាពដែលមានការវាយតម្លៃទទួលស្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានផ្តោតលើសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការកសាងទំនុកចិត្តលើសមត្ថភាព និងភាពជឿជាក់នៃប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង៖ “ការវាយតម្លៃទទួលស្គាល់ មិនមែនគ្រាន់តែជាការទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តថា មន្ទីរពិសោធន៍ និងអង្គភាពវាយតម្លៃភាពអនុលោមរបស់យើង មានសមត្ថភាពផ្តល់លទ្ធផលដែលអាចជឿទុកចិត្តបាន។ នៅពេលលទ្ធផលទាំងនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិ អាជីវកម្មរបស់យើងអាចកាត់បន្ថយការតម្រូវឱ្យធ្វើតេស្តឡើងវិញ កាត់បន្ថយថ្លៃដើម និងសម្រួលការឈានចូលទៅទីផ្សារបរទេស។”ក្រុមប្រឹក្សាបានឯកភាពជាគោលការណ៍លើសំណើចំនួន៣ រួមមាន៖ ការកំណត់ការវាយតម្លៃទទួលស្គាល់ជាកាតព្វកិច្ចសម្រាប់អង្គភាពវាយតម្លៃភាពអនុលោម តាមតំណាក់កាល, ជំរុញឱ្យរោងចក្រ សហគ្រាស ប្រើប្រាស់សេវាផ្តល់ដោយអង្គភាពវាយតម្លៃភាពអនុលោម ដែលមានការវាយតម្លៃទទួលស្គាល់, និងជំរុញឱ្យនិយ័តករតាមវិស័យ ដាក់បញ្ចូលលក្ខខណ្ឌសមស្របស្តីពីការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ទៅក្នុងលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ។កិច្ចប្រជុំក៏បានប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន បន្តសិក្សាលម្អិតលើសំណើទាំងនេះ និងរៀបចំវិធីសាស្ត្រអនុវត្តជាដំណាក់កាល មុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់។
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00002485641
បណ្ដាញសង្គម