ខេត្តរតនគិរី៖ នាថ្ងៃទី ០៩–១១ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក) សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់សម្រាប់អង្គភាពវាយតម្លៃភាពអនុលោម» នៅខេត្តរតនគិរី។
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គសិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៧៩ នាក់ (ស្រ្តី ១៧ នាក់) ដែលជាតំណាងអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម អង្គភាពវាយតម្លៃភាពអនុលោម (CABs) និងវិស័យឯកជន។
គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖
1. ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង អំពីការវាយតម្លៃទទួលស្គាល់ និងប្រព័ន្ធនីតិវិធីពាក់ព័ន្ធ។
2. បង្កើនការយល់ដឹង លើលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម។
3. លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ របស់អង្គភាពវាយតម្លៃភាពអនុលោម ដោយផ្តោតលើសមត្ថភាព ឯករាជ្យភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្ត។
4. បង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់។
ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសអំពីបញ្ហាប្រឈមក្នុងការអនុវត្តការងារ ចែករំលែកបទពិសោធន៍ជាក់ស្តែង ព្រមទាំងបានលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់នានា ដើម្បីចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ (អ.ន.វ.ក) ក្នុងការផ្សព្វផ្សាយចំណេះដឹង និងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធ អំពីតួនាទី និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការលើកកម្ពស់គុណភាព សមត្ថភាព ភាពជឿទុកចិត្ត និងការទទួលស្គាល់ជាផ្លូវការទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ លើលទ្ធផលនៃការវាយតម្លៃភាពអនុលោម។