រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម (DACB) នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់លើស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (Accreditation of Food Safety Management System: GMP & HACCP)»។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយ លោក មាន ជំនាញ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់សិក្ខាកាម ដែលជាតំណាងមកពីវិទ្យាស្ថានស្តង់ដារកម្ពុជា អគ្គនាយកដ្ឋានឧស្សាហកម្ម អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ព្រមទាំងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អង្គភាពវាយតម្លៃភាពអនុលោម និងមន្ត្រីជំនាញនៃ អ.ន.វ.ក (GDAC)។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវទិដ្ឋភាពរួមនៃពុទ្ធិ ស៊ីជម្រៅ និងរចនាសម្ព័ន្ធនៃការងារវាយតម្លៃទទួលស្គាល់ ដល់អង្គភាពវាយតម្លៃភាពអនុលោមលើស្តង់ដាប្រព័ន្ធគ្រប់គ្រង។ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលបានផ្តោតជាសំខាន់លើការវាយតម្លៃទទួលស្គាល់ផ្នែកសុវត្ថិភាពចំណីអាហារ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្នែកគោល រួមមាន៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) ការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធវិភាគហានិភ័យ និងចំណុចត្រួតពិនិត្យសំខាន់ (HACCP)។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកដល់ការរៀបចំ និងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៃសេវាកម្មវាយតម្លៃទទួលស្គាល់នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម ក៏សង្ឃឹមផងដែរថា អង្គភាពវាយតម្លៃភាពអនុលោមនៅក្នុងប្រទេសកម្ពុជា នឹងសហការ និងទទួលយកនូវសេវាកម្មវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។